ថ្លែងក្នុង ពិធីបើក“វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា” ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្នមោទនភាពជាតិ និងកិត្យានុភាពជាតិរបស់កម្ពុជា កំពុងងើបឈរឡើងវិញប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជាដោស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានានៅលើសកលលោក។
សម្ដេចធិបតីបន្ថែមថា កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ, ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចមានពិពិធកម្មធំទូលាយ និង ពីប្រទេសមានទំនាក់ទំនងតិចតួចជាមួយសហគម៍អន្តរជាតិ គួបផ្សំជាមួយការហ៊ុមព័ន្ធសេដ្ឋកិច្ច ទៅជាប្រទេសមានសមាហរណកម្មពេញលេញក្នុងកិច្ចការ តំបន់ និងសកល។
ក្នុងនោះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកស្ទើទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំដែលអាចចាប់យកវិស័យឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអនុវត្តយ៉ាងសកម្ម ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាបានកសាងជាតិ និងរដ្ឋមួយដែលមានមូលដ្ឋានគ្រឹះរឹងមាំ សុខសន្ដិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ខណៈដែលលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់៕