ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា
ថ្ងៃទី ៖ 26-11-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់​របស់ប្រជាជនកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ បន្ថែមលើនេះ, លោកក៏បានបញ្ជាក់ជូនសម្ដេចធិបតីផងដែរថា កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទាំងវិស័យថាមពល និងធនធានរ៉ែ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើវិស័យទាំងពីរនេះ សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

  ជាការឆ្លើយតប, សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាឱកាសនេះ។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។

សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។  

សម្តេចធិបតី និងឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជាផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

  មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដើរតួនាទី និងជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ​ នាពេលកន្លងមក និងនៅតែបន្តយកចិត្តទុក​ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ​ ហើយសហរដ្ឋអាមេរិក​នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែង​ការណ៍រួម​ ទីក្រុង​កូឡាឡាំពួ​ ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២៥។

សម្តេចធិបតី ក៏បានជម្រាបជូនលោកសមាជិកព្រឹទ្ធសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com