លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១២ម៉ឺននាក់នោះ មានភ្ញៀវទេសចរជាតិចំនួន ១២៧,៤៥៩ដងនាក់ កើនឡើង ៧៤,០២% និងភ្ញៀវទេសចរបរទេសមានចំនួន ២៥៩ដងនាក់ ថយចុះ ៤១,៩២% បើធៀបនឹងឆ្នាំ២០២៥ ដែលមានភ្ញៀវសរុបត្រឹមតែ ៧៣,៦៨៩ដងនាក់ប៉ុណ្ណោះ។ អ្វីដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តមណ្ឌលគិរីកើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារអាកាសធាតុនៅតំបន់ភ្នំចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ល្អ គួបផ្សំជាមួយនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងរមណីយដ្ឋានធម្មជាតិស្អាតៗជាច្រើនកន្លែង។
ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា តំបន់វាលស្មៅ ជ្រលងភ្នំ និងកន្លែងបោះតង់នានា គឺជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងថតរូបលេងទុកជាអនុស្សាវរីយ៍។ ដោយសារភ្ញៀវទៅលេងច្រើនពេក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកកន្លងទៅ ធ្វើឱ្យបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងរីសតនានាក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវកក់ពេញអស់ស្ទើរគ្រប់កន្លែង រហូតដល់ភ្ញៀវខ្លះត្រូវជ្រើសរើសការបោះតង់សម្រាកនៅតាមតំបន់ធម្មជាតិជំនួសវិញ។
ជាមួយគ្នានេះ នៅតាមទីប្រជុំជន តំបន់ផ្សារ និងផ្លូវសំខាន់ៗក្នុងក្រុងសែនមនោរម្យ ក៏មានរថយន្តភ្ញៀវទេសចរធ្វើដំណើរយ៉ាងច្រើនបន្តកន្ទុយគ្នា រហូតមានការកកស្ទះចរាចរណ៍នៅតាមកន្លែងខ្លះទៀតផង ដោយមានកម្លាំងសមត្ថកិច្ចចុះជួយសម្រួលជាប់ជាប្រចាំ ។
ក្រៅពីនេះ តាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរផលិតផលក្នុងស្រុកនានា ក៏មានភ្ញៀវចូលហូបចុក និងទិញឥវ៉ាន់យ៉ាងច្រើនកុះករផងដែរ ដែលធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសប្បាយរីករាយយ៉ាងខ្លាំង ព្រោះរកចំណូលបានច្រើនជាងថ្ងៃធម្មតា។
គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរដ៏ច្រើននាឱកាសបុណ្យអុំទូកនេះ ក៏មានការរួមចំណែកយ៉ាងសំខាន់ពីការជួយផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍ក្បួនរថយន្ត «ឦសាន Overland លើកទី៣» ជាង ៥០០គ្រឿង ដែលបានធ្វើដំណើរមកបោះតង់លេងនៅខេត្តមណ្ឌលគិរី ក្នុងរដូវកាលបុណ្យអុំទូកផងដែរ៕