ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណចំពោះការលះបង់ដ៏មានតម្លៃរបស់ការងារបុគ្គលិកសុខាភិបាលម្នាក់ៗ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។
សម្ដេចធិបតីគូសបញ្ជាក់ថា ក្នុងគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិលើវិស័យសុខាភិបាល គឺការបន្តពង្រឹងប្រព័ន្ធសង្គ្រោះបន្ទាន់ ការវះកាត់ តាមរយៈការបង្កើនសមត្ថភាពសង្គ្រោះបន្ទាន់ និងវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក ពង្រឹងសមត្ថភាពឆ្លើយតបនឹងគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអាសន្នផ្សេងៗ។
សម្ដេចធិបតីបន្ដថា “ក្រុមគ្រូពេទ្យ និងបុគ្គលិកប្រចាំការមានចំនួនគ្រប់គ្រាន់ ព្រមទាំងជំរុញការទំនើបកម្មប្រព័ន្ធសុខាភិបាល តាមរយៈការពង្រីកការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឌីជីថល ជំរុញការពិគ្រោះជំងឺពីចម្ងាយ ពង្រឹងមូលដ្ឋានទិន្នន័យសុខាភិបាល និងការគ្រប់គ្រងប្រវត្តិអ្នកជំងឺ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារពេទ្យ”។
សម្ដេចធិបតីបន្ថែមទៀតថា ដើម្បីឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ស្របតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥នោះគឺ សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាសុខាភិបាលជាចាំបាច់ ប្រកបដោយគុណភាព និងមិនប្រឈមនឹងបន្ទុកហិរញ្ញវត្ថុហួសប្រមាណ៕