|
នាយករដ្ឋមន្រ្ដី សម្ពោធសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុក ៦១កន្លែង ទូទាំងប្រទេស
ថ្ងៃទី ៖ 19-11-2026, ដោយ Dara007 , 2 Views
កំពង់ចាមៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង២កម្រិតនេះ ចំនួន ១០៤ ទូទាំងប្រទេស។
ពិធីនេះបានរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំចាម។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការបម្រើសេវាថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែ ប្រសើរឡើងថែមទៀត។
តាមរបាយការណ៍បានឱ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុម័តថវិកាសរុប ចំនួន ១៨ ៣០០ ០០០ ដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ បង្អែក ចំនួន ៦១កន្លែង (CPA1 និង CPA2) ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ មន្ទីរពេទ្យបង្អែកទាំង៦១ រួមមាន កម្រិត១ ចំនួន២៣ និង កម្រិត២ ចំនួន៣៨ នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)។
គម្រោងបានចំណាយថវិកាសរុបចំនួន ១៨ ០០១ ៥៤៨ ដុល្លារអាមេរិក រួមមាន៖ (១) ការចំណាយលើការសាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង ចំនួន ៨ ៣៧២ ៥០០ ដុល្លារអាមេរិក និង(២) ការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ ដុល្លារអាមេរិក៕
|