ប្រាប់អ្នកព័ត៌មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ឡាវក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
សម្ដេចចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ គឺជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងឡាវ ហើយនិយាយដោយឡែកនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះលទ្ធផលក៏ដូចជារបាយការណ៍លោកបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងឡាវ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយសម្ដេចកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការនៃការបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្លាស់ប្ដូរនូវទស្សនកិច្ចនៃបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ឬក៏រហូតដល់ថ្នាក់ក្រោមរវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិរបស់ឡាវនាពេលកន្លងមក។
លោកក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងកម្ពុជា និងឡាវនាពេលកន្លងមក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរផងដែរ និងលោកក៏ជម្រាបជូនសម្ដេចតេជោអំពីកិច្ចសហបត្តិការនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អដោយក្នុងរយៈពេលកន្លងមកនេះគឺព្រំដែនកម្ពុជា និងឡាវជាព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខយ៉ាងពេញលេញ គ្មានបញ្ហាអ្វីកើតឡើងនោះទេ។
លោកក៏បានរាយការណ៍ជូនសម្ដេចអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងការជួយដោះស្រាយ ឬក៏ទប់ស្កាត់ជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕