|
សម្ដេចធិបតី ស្នើឱ្យថៃបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់
ថ្ងៃទី ៖ 18-11-2026, ដោយ Dara007 , 21 Views
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើម្តងទៀតដល់ប្រទេសថៃ ឱ្យសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) សំដៅដោះស្រាយឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពប្រកបដោយចីរភាព។ នេះបើតាមការបញ្ជាក់របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាវិញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចធិបតីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តស្រង់ប្រសាសន៍របស់សម្តេចធិបតីយ៉ាងដូច្នេះថា៖ «ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនច្បាស់លាស់ ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។
ដោយសារហេតុផលនេះហើយ ទើបសម្តេចធិបតីស្នើម្តងទៀតដល់ប្រទេសថៃ ស្នើឱ្យសហការជាមួយនឹងកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដោយ JBC»។ លោក បានគូសបញ្ជាក់បន្ថែមថា សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺអនុលោមតាមអ្វីដែលបានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលកម្ពុជានិងថៃបានចុះហត្ថលេខារួមគ្នា ក្នុងនោះរួមមាន សេចក្តីប្រកាសកូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជាពិសេសសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមប្រសាសន៍របស់សម្តេចធិបតី សកម្មភាពវាស់វែង និងខណ្ឌសីមាព្រំដែននេះ នឹងជួយឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ ដោះស្រាយបញ្ហាបានដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដ៏យូរអង្វែងចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងឈានទៅរកសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាជាតិទាំងពីរ៕
|