ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាននៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រ បានលើកឡើងថា កម្ពុជាបានបញ្ជាក់ជាថ្មី នូវជំហរឥតងាករេក្នុងការគាំទ្រ «ដំណោះស្រាយរដ្ឋពីរ» ស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ខណៈជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយប្រធានាធិបតីអ៊ីស្រាអែល គឺផ្ដោតជាសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មប៉ុណ្ណោះ។ លោកបានបន្ដថា កម្ពុជាមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការជួបសន្ទនា ឬជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៉ីស្រាអែល មិនមែនមានន័យថា កម្ពុជាយល់ស្របលើគ្រប់បញ្ហាដែលកើតឡើងនៅមជ្ឈិមបូព៌ា ឬយល់ស្របជាមួយអ៉ីស្រាអែលចំពោះបញ្ហានានា នៅតំបន់នោះឡើយ។
លោកបានបញ្ជាក់បន្ថែមថា ជំនួបទ្វេភាគីនេះបានប្រព្រឹត្តទៅនៅក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូល CICA ហើយកិច្ចពិភាក្សាបានផ្ដោតជាពិសេសលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងអ៉ីស្រាអែល ដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មជាដើម។
ទាក់ទិននឹងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាថា៖ សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះធ្វើឡើងបន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីកណ្តាល៕