កម្ពុជា បន្តតវ៉ាចំពោះទង្វើបំពានច្បាប់អន្តរជាតិនេះ ហើយបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ចាត់ទុកទង្វើខុសច្បាប់របស់អាជ្ញាធរថៃ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ ដើម្បីធ្វើឱ្យស្របច្បាប់នូវកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈដែលគេបដិសេធសិទ្ធិក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្ដេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។
កម្ពុជា ក៏បានចាត់ទុកសកម្មភាពខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែនដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ហើយបានរំលោភលើមាត្រា៥នៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោកដែលកម្ពុជា និងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០, កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់ជាថ្មីពីការមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
កម្ពុជា បានជំរុញឱ្យប្រទេសថៃ បញ្ឈប់ការបន្តធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើក៏ដូចជាតំបន់ផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃ បានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីសំដៅស្ដារសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
កម្ពុជា បានបញ្ជាក់ថា កម្ពុជា បន្តរក្សានូវការប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕