|
ក្រសួងអប់រំ រកឃើញករណីល្មើសបទប្បញ្ញត្តិនៃការប្រឡង រួមមាន ការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី
ថ្ងៃទី ៖ 11-08-2026, ដោយ Dara007 , 7 Views
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦នេះ មានករណីល្មើសបទប្បញ្ញត្តិនៃការប្រឡង រួមមាន ការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន ១២ករណី ក្នុងនោះបេក្ខជន ៥ ករណី (វ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី, ទូរសព្ទឆ្លាតវៃ ១ករណី, និង នាឡិកាឆ្លាតវៃ ៣ករណី) និង គណៈកម្មការ ៧ ករណី (ទូរសព្ទឆ្លាតវៃ ១ករណី និងនាឡិកាឆ្លាតវៃ ៦ករណី)។
បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់។
ជាមួយគ្នានេះ ក្រសួងអប់រំ នឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។
សូមបញ្ជាក់ថា មានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។ មណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ត្រូវជា ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦៨មណ្ឌល ត្រូវជា១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម១៧៦ មណ្ឌល ត្រូវជា ៤ ៥៧៨បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរ ការសំណេរសរុប ៣៣ ៧៤៧នាក់។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងរក្សាទុក ដោយសុវត្ថិភាពនៅតាមសាលាខេត្ត ដើម្បីត្រៀមនីតិវិធីបញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការ កំណែ។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕
|