ការកំណត់មុខសញ្ញានេះ រួមមាន៖ ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD និងក្រុមហ៊ុន TNT VN ដែលសុទ្ធតែប្រកបអាជីវកម្មទិញឈើអាកាស្យា ដើម្បីកិនកំទេចនាំចេញ សម្រាប់កែច្នៃជាក្រដាសកាតុង និងក្រដាសអនាម័យ។ ក្រុមហ៊ុនទាំង ២ មានទីតាំងស្ថិតនៅក្រុមទី២ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួនចូលសមុទ្រដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយកំទេចឈើអាកាស្យាដែលកិនជាម៉ត់ៗ ត្រូវបានគរទុកនៅលើបរិវេណដីរបស់ក្រុមហ៊ុន ដោយគ្មានដំបូលគ្រប។
ស្ថានភាពនេះបណ្តាលឱ្យទឹកភ្លៀងជ្រាបចូលកំទេចឈើ ហើយហូរចូលប្រភពទឹកសាធារណៈ ឬអូរធម្មជាតិ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមការងារបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់ការបង្ហូរទឹកពណ៌ខ្មៅចេញពីទីតាំងក្រុមហ៊ុន ចូលទៅក្នុងប្រភពទឹកសាធារណៈបន្តទៀត។
ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងត្រូវទុកដាក់កំទេចឈើអាកាស្យាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។ សូមបញ្ជាក់ថា ក្រោយពីបានចុះពិនិត្យផ្ទាល់ ក្រុមការងារបានសម្រេចយកសំណាកទឹកចំនួន ២សំណាក និងបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន៕