ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅសាលប្រជុំរបស់ គ.ស.ម.ក. កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានលើកឡើងបន្ថែមអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ មានដូចជា ១) ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ ២) ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ៣)ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ “ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកល នៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦២ ផងដែរ។
ក្នុងឱកាសនៃជំនួបនោះ លោកស្រីMatilda Bogner បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវ សេចក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
បន្ថែមពីនេះ លោកស្រីក៏បានបញ្ជាក់ថា OHCHR បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព រស់នៅរបស់អ្នកទាំងនោះផងដែរ៕