«ថ្នាំពិសសម្លាប់មនុស្សម្នាក់ ឱ្យបាត់បង់ដង្ហើម។ ប៉ុន្តែការលាភពណ៌ សម្លាប់មនុស្សម្នាក់ ឱ្យរស់នៅក្នុងគុកងងឹតនៃខ្សែភ្នែកសង្គម។» ទឹកថ្នាំលាភពណ៌មិនមែនជាពណ៌ខ្មៅ ឬពណ៌ក្រហមឡើយ ប៉ុន្តែវាជា «ពាក្យសម្តីបំផ្លើស ការចោទប្រកាន់គ្មានមូលដ្ឋាន និងការមួលបង្កាច់»។
នៅពេលដែលមនុស្សម្នាក់ត្រូវបានគេលាបពណ៌ថាជា «ជនក្បត់» «មនុស្សអាក្រក់» ឬ «អ្នកបំផ្លាញ» ដោយគ្មានភស្តុតាងច្បាស់លាស់ នោះសង្គមជុំវិញខ្លួននឹងចាប់ផ្តើមបង្កើតជញ្ជាំងរើសអើងភ្លាមៗ។ អត្ថន័យបង្កប់នៅទីនេះគឺចង់បង្ហាញថា មនុស្សដែលចូលចិត្តលាបពណ៌អ្នកដទៃ ជារឿយៗគឺជាមនុស្សដែលព្យាយាម បិទបាំងភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង ឬធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយយកសុភវិនិច្ឆ័យរបស់សង្គមធ្វើជាចំណាប់ខ្មាំង។
វប្បធម៌លាភពណ៌ខ្លាំងជាងថ្នាំពិស ក៏ព្រោះតែវាអាចដុតរំលាយសាមគ្គីភាព និងទំនុកចិត្តរវាងមនុស្សនិងមនុស្សឱ្យរលាយខ្សុលបានយ៉ាងងាយ។ បើយើងរួមគ្នាបណ្តោយឱ្យវប្បធម៌មួយនេះគ្របដណ្តប់ នោះសង្គមជាតិពិតជាត្រូវរស់នៅក្នុងភាពភ័យខ្លាច និងការសង្ស័យគ្នាទៅវិញទៅមកមិនខាន។
មុននឹងជឿ មុននឹងស្តាប់ និងមុននឹងវិនិច្ឆ័យនរណាម្នាក់ ចូលយើងប្រើប្រាស់បញ្ញាជាត្រីវិស័យ និងប្រើប្រាស់សេចក្តីមេត្តាជាស្ពានចម្លង។ កុំត្រឹមតែឃើញទឹកពណ៌ហូរមក ក៏សន្និដ្ឋានថាជាជាតិពុល ហើយក៏កុំត្រឹមតែឮគេប្រាប់ ក៏ប្រញាប់ទាញជក់ទៅលាបថែមពណ៌លើអ្នកដទៃ។ ចូររួមគ្នាលុបបំបាត់វប្បធម៌លាបពណ៌ ហើយជំនួសមកវិញនូវ «វប្បធម៌នៃការស្វែងយល់ យោគយល់ និងផ្តល់តម្លៃ» ដើម្បីឱ្យសង្គមយើងក្លាយជាសួនច្បារដ៏ស្រស់បំព្រង ដែលពោរពេញទៅដោយផ្កាចម្រុះពណ៌ រីកស្គុះស្គាយដោយភាពសុខដុមរមនាពិតប្រាកដ ៕