កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី បាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX ផលិតឆ្នាំ២០២២ ពណ៌ក្រហម លេខតួ-លេខម៉ាស៉ីន 571111018689 គ្មានផ្លាកលេខ) កាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវតាមរយៈGPS របស់ម៉ូតូជនរងគ្រោះ រហូតដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ GPS ម៉ូតូជនរងគ្រោះបានលោតបង្ហាញទីតាំងនៅចំណុចខាងក្រោយវត្តផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ភ្លាមៗកម្លាំងជំនាញបានបន្តស្រាវជ្រាវរហូតរកឃើញសញ្ញា GPS លោតក្នុងផ្ទះថ្ម ប្រក់ស័ង្កសីមួយខ្នង មានចាក់សោរបិទជិត ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លឺសំឡេង រោទិ៍ GPS ក្នុងផ្ទះ ដោយមានការសង្ស័យកម្លាំងបានមើលតាមប្រហោងទ្វារផ្នែកខាងលើ ប្រទះឃើញមានម៉ូតូជាច្រើនគ្រឿងនៅក្នុងផ្ទះនោះ។
ដោយទទួលបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានកាត់សោរផ្ទះចូលប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ រួមនឹងម៉ូតូចំនួន២២គ្រឿងផ្សេងទៀត សរុបចំនួន២៣គ្រឿង ហើយក៏ប្រមូលយកម៉ូតូទាំងនោះមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។ ចំពោះម៉ូតូជនរងគ្រោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនជនរងគ្រោះវិញហេីយ។
លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានធ្វេីការអំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿងដែលបានបាត់ បេីសង្ស័យថាជារបស់ខ្លួន សូមធ្វេីការទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឬតាមលេខទូរស័ព្ទ 012800792 ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធម៉ូតូរបស់ខ្លួន ដេីម្បីធ្វេីការផ្ទៀផ្ទាត់ បេីពិតជារបស់បងប្អូនពិតប្រាកដមែន កម្លាំងជំនាញនឹងធ្វេីការប្រគល់ជូនបងប្អូនវិញតែម្តង។