ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ក្នុងឱកាសនៃជំនួប, លោកស្រីអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស។
លោកស្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា។
ជាមួយនេះ, លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់អង់គ្លេស តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេសនៅក្នុងតំបន់។
ជាការឆ្លើយតប, សម្ដេចធិបតីក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។ សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្ដេចធិបតី និងលោកស្រីអនុរដ្ឋមន្ត្រី បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យដ៏សារៈសំខាន់ និងការចាប់អារម្មណ៍ខ្ពស់ក្នុងចំណោមនិស្សិតកម្ពុជា និងជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យចក្រភពអង់គ្លេស បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។
បន្ថែមពីនេះ, សម្តេចធិបតី និងលោកស្រីបានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះនឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។
លោកស្រី អនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។
មុននឹងបញ្ចប់, សម្តេចធិបតី និងលោកស្រីក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក៕