ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។
លោកអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយគ្នានេះ, លោកបានសម្ដែងនូវការពេញចិត្តចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ, លោកអនុរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញលើសកលលោក។
ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន និងកំពុងខិតខំអភិវឌ្ឍលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពុងកសាងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ មានគោលដៅបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរបស់កម្ពុជា, បង្កើនភាពប្រកួតប្រជែងកម្ពុជា, បង្កើតការងារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕