ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៦ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយគាំពារសង្គម។
សម្តេចតេជោ បានបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសារមានបណ្ណសមធម៌ ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចំនួន ៤៨ ៨៩៣គ្រួសារ ក្នុងនោះ ក១ មានចំនួន ១៦ ១៩០គ្រួសារ និងក្រ២ មានចំនួន ៣២ ៧០៣គ្រួសារ។ អ្នកទទួល់ផលពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារមានចំនួន ៤៦ ៤៩៧គ្រួសារ ដែលមានចំនួនទឹកប្រាក់ ៤.៦១៧.៤០៨.០០០រៀល។
លោកបន្ដទៀតថា ខេត្តបានបើកផ្តល់ប្រាក់សោធនរបស់អតីតមន្ត្រីរាជការស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកក្នុងបន្ទុក និងកូនកំព្រារបស់សពនិវត្តជន និងមន្ត្រីរាជការស៊ីវិល) បានចំនួន ២ ៧០៥នាក់ ស្មើនឹងទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣រៀល។ បើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជនមរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦រៀល។
ក្រៅពីនោះបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីនៅពេលសម្រាលកូនចំនួន ៩.៤៣៣ នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០រៀល៕