ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តជំរុញដល់គ្រប់ក្រសួងស្ថាប័នឱ្យធ្វើការកែទម្រួល កំណែទម្រង់ ក្នុងនោះមានក្រសួងខ្លះនៅរក្សាដដែល ហើយក្រសួងខ្លះមានការកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបម្រួមចូលគ្នាតែម្ដង។
សម្តេចមហាបវរធិបតីគូសបញ្ជាក់ថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។
សម្តេចមហាបវរធិបតីបញ្ជាក់ទៀតថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។
«សម្តេចមហាបវរធិបតី ៖ វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។»
សម្ដេចធិបតី មានប្រសាសន៍ថា ពាក្យស្លោករបស់សម្ដេចតេជោថា «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។
សម្តេចមហាបវរធិបតីអះអាងថា ការកំណែទម្រង់ «បង្រួមក្បាល ពង្រីកខ្លួន» មិនមែនកាត់អ្នកស្អប់ ដាក់អ្នកស្រឡាញ់នោះទេ គឺរាជរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់ ហើយមិនយកមនុស្សជាគោលទេ «យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើង តម្រូវជើង» ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់នោះដែរ៕