ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល នៅក្នុងចំណោម២២ខ្នងផ្ទះនោះ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែងស្ថិនៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ប្រុស) ក្នុងនោះរួមមានជនជាតិចិន ចំនួន ១៦នាក់ ( ១៣នាក់ គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាមចំនួន១នាក់ ហើយបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពឆបោក រួមមានៈទូរសព្ទដៃចំនួន ២៧គ្រឿង, កុំព្យូទ័រ Laptop ០២គ្រឿង , ឧបករណ៍បញ្ជា (CPU) ០១គ្រឿង និង Monitor ០១គ្រឿង។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ការចុះបង្ក្រាបនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹង អនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។
ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។
អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕