|
លោក វ៉ី សំណាង បញ្ជាឱ្យរដ្ឋបាលក្រុង-ស្រុក ពន្លឿនការចុះបញ្ជីដីរដ្ឋ និងកែលម្អសោភ័ណភាពក្រុងដូនកែវ
ថ្ងៃទី ៖ 23-03-2026, ដោយ Dara007 , 9 Views
តាកែវៈ លោក វ៉ី សំណាង បានបញ្ជាឱ្យរដ្ឋបាលក្រុង-ស្រុក ពន្លឿនការចុះបញ្ជីដីរដ្ឋ និងកែលម្អសោភ័ណភាពក្រុងដូនកែវ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍។
ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវវិធានការមួយ ចំនួន ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់ គ្រងដីធ្លី និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវឱ្យកាន់តែមានសោភ័ណភាព។
លោក បានណែនាំ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវខិតខំ ធ្វើយ៉ាងណា ចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។
លោក បាន បញ្ជាក់ថា ត្រូវលុបបំបាត់ឲ្យបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋដោយអនាធិបតេយ្យ និងត្រូវទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលជាមូលហេតុបង្កឱ្យស្ទះចរន្តទឹកហូរ និងនាំឱ្យមាន ការជន់លិចលំនៅឋាន ឬដីស្រែចម្ការរបស់ពលរដ្ឋ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង លោកបានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលក្រុងដូនកែវ សហការគ្នាស្វែងរកដំណោះស្រាយ និងសិក្សាលើការរៀបចំប្លង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ ការកែលម្អនេះមិនត្រឹមតែដើម្បីសម្រស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្ត តាកែវកាន់តែច្រើនឡើង៕
|