|
ក្រសួងមហាផ្ទៃ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ការក្លែងបន្លំអត្តសញ្ញាណ ដើម្បីខ្ចីប្រាក់តាមអនឡាញ
ថ្ងៃទី ៖ 13-03-2026, ដោយ Dara007 , 8 Views
ភ្នំពេញៈ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ការក្លែងបន្លំអត្តសញ្ញាណ ខណៈ កន្លងមកមានជនរងគ្រោះដែលត្រូវបានឧក្រិដ្ឋជនបច្ចេកវិទ្យាលួចយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឬដើម្បីដាក់ពាក្យស្នើសុំកម្ចីផ្សេងៗ ដែលធ្វើឱ្យរងគ្រោះជាប់ពាក់ព័ន្ធកម្ចីទាំងនោះដោយមិនដឹងខ្លួន។
យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ត្រូវរក្សា និងទុកដាក់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដូចជា ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ កាតធនាគារ និងឯកសារសំខាន់់ៗផ្សេងទៀតរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ កុំថតបង្ហោះ ព័តមានផ្ទាល់ខ្លួនអត្តសញ្ញាណទាំងនោះលើបណ្ដាញសង្គមនានា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការចូលទៅប្រើប្រាស់កម្មវិធី (App) ឬគេហទំព័រ ដែលមានប្រភពមិនច្បាស់លាស់ ឬមិនមានភាពជឿទុកចិត្ត និងកុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណទៅកាន់ប្រភពទាំងនោះ។
ក្នុងករណីពលរដ្ឋបានជ្រុះបាត់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់ខ្លួនសំខាន់ៗ ត្រូវមកធ្វើសេចក្តីរាយការណ៍ជូននគរបាល ឬមន្ត្រីមានសមត្ថកិច្ចជំនាញជាបន្ទាន់ ៕
|