ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»ដែលសហការរៀបចំរវាងសភានិងរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា មានប្រសាសន៍ថា លទ្ធផលជាផ្លែផ្កានៃអង្គសិក្ខាសាលាបានគូសបញ្ជាក់ថា ភាពធន់របស់ជាតិទាមទារឱ្យមានវិន័យការបត់បែន និងចក្ខុវិស័យវែងឆ្ងាយ ដែលក្នុងនោះការជំរុញចលនាជាតិ «គាំទ្រផលិតផលខ្មែរ» គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការកសាងភាពម្ចាស់ការលើសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យនៃការពឹងផ្អែកលើបរទេស ។
ជាមួយគ្នានេះ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ STEM និងការបង្កើនក្រមសីលធម៌ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ត្រូវបានដាក់ចេញជាអាទិភាពជាតិ ដើម្បីធានាថាបច្ចេកវិទ្យានឹងបម្រើដល់ការអភិវឌ្ឍរបស់មនុស្សជាតិប្រកបដោយចីរភាព ។
ការបន្ស៊ីគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគាំទ្រដល់នវានុវត្តន៍ ក៏ជាចំណុចជោគជ័យដ៏សំខាន់ដែលអង្គសិក្ខាសាលាសម្រេចបាន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ឱ្យបន្តយកចិត្តទុកដាក់តាមដានរាល់កិច្ចការទាំងពួងដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យស្មារតីនៃអង្គសិក្ខាសាលានេះក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាមួយដែលរឹងមាំ មានភាពធន់ និងមានអធិបតេយ្យពេញលេញផងដែរ។
ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ចំពោះស្មារតី «គិតរួមគ្នា និងធ្វើរួមគ្នា» ដែលជាកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំក្នុងការជម្នះរាល់បញ្ហាប្រឈម និងហានិភ័យទាំងឡាយ ៕