រដ្ឋបាលស្រុកបាកាន បានឱ្យដឹងថា កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មានការបង្ហោះវីដេអូផ្សាយផ្ទាល់ របស់គណនី Ta Boom និងមានការចែកចាយបន្តអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធនិងករណីខាងលើនេះរដ្ឋបាលស្រុក សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ ១- កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មានបុគ្គលម្នាក់តាំងខ្លួនជាភ្នាក់ងារមានសមត្ថកិច្ចបានធ្វើ ការឃាត់រថយន្តតាក់ស៊ីដែលបានឈប់ដាក់ភ្ញៀវនៅចំណុចផ្លូវបំបែកចូលវត្តបាកាន គឺភ្នាក់ងារ ប្រមូលភាស៊ីចំណតរថយន្តស្រុកបាកាន។ ២- ករណីខាងលើនេះ បុគ្គលរូបនេះមិនមែនជាមន្ត្រី និងមិនពាក់ព័ន្ធនិងរដ្ឋបាលស្រុកនោះទេ តែត្រូវ បុគ្គលខាងលើប្រើពាក្យ “រដ្ឋបាលស្រុក ដើម្បីឱ្យភាគីម្ចាស់រថយន្តដែលឈប់ដាក់មនុស្សបង់ប្រាក់ ចូលអាជីវកម្មភាស៊ីចំណតរថយន្តរបស់ខ្លួន។ ៣- បន្ទាប់ពីទទួលបានការណែនាំផ្ទាល់ និងចេញលិខិតព្រមានជាលាយលក្ខណ៍អក្សររបស់រដ្ឋបាលស្រុក ដល់បុគ្គលខាងលើបានទទួលស្គាល់ និងកែប្រែកំហុស ដោយសន្យាដូចខាងក្រោម៖ - មិនប្រើប្រាស់ពាក្យពេចន៍ដែលនាំឱ្យប៉ះពាល់ដល់អាជ្ញាធរមានសមត្ថកិច្ច។ - ក្នុងពេលប្រមូលភាស៊ីត្រូវមានពាក្យសម្តី អាកប្បកិរិយាសមរម្យ និងមានឯកសណ្ឋានត្រឹមត្រូវ។ - អនុវត្តតាមតាមសៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកបាកានក៏បានចេញលិខិត ព្រមាន ជម្រាបមកលោក អាំ អាន ភ្នាក់ងារប្រមូលភាស៊ីរបស់ភាស៊ីចំណតរថយន្តស្រុកបាកានឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពប្រមូលភាស៊ីលើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើ ប្រាស់ចំណតឱ្យបង់ថ្លៃភាស៊ី។ យោង៖- សេចក្តីសម្រេចលេខ ០១៥/២៦ ស.ស.រ.ខពស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាល ខេត្តពោធិ៍សាត់ ស្តីពីការប្រគល់សិទ្ធិធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកានសម្រាប់ឆ្នាំ២០២៦ - ជំពូកទី៤ ប្រការ១៨ នៃសៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ខេត្ត ពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៦។
រដ្ឋបាលស្រុកបាកាន សូមជម្រាបដល់លោក អាំ អាន ភ្នាក់ងារប្រមូលភាស៊ីរបស់ភាស៊ីចំណត រថយន្តស្រុកបាកាន ឱ្យបានជ្រាបថា៖ សកម្មភាពរបស់លោក គឺបានកំពុងតែអនុវត្តផ្ទុយនឹងខ្លឹមសារជំពូកទី៤ ប្រការ១៨ ដែលមានចែងក្នុងសៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ឆ្នាំ២០២៦ ដូចខាងក្រោម៖ - ប្រមូលភាស៊ីលើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណតឱ្យបង់ថ្លៃភាស៊ី - ប្រើពាក្យពេចន៍តាំងខ្លួនជាបុគ្គលមានសមត្ថកិច្ចរបស់រដ្ឋបាលស្រុកបាកានដើម្បីប្រមូលភាស៊ី - មានអាកប្បកិរិយា និងឯកសណ្ឋានមិនសមរម្យជាភ្នាក់ងារប្រមូលភាស៊ី។ សកម្មភាពខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរកិត្តិយស និងសណ្តាប់ធ្នាប់របស់រដ្ឋបាលស្រុក។ ហេតុនេះរដ្ឋបាលស្រុកសូមធ្វើការព្រមានជាលាយលក្ខណ៍អក្សរ និងទុកជាឯកសារ។
រដ្ឋបានបានណែនាំឱ្យលោក អាំ អាន ភ្នាក់ងារភាស៊ីចំណតរថយន្តស្រុកបាកាន ត្រូវ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពខាងលើ ក្នុងករណីមិនគោរពតាមការព្រមាននេះ រដ្ឋបាលស្រុកបាកាន នឹងអនុវត្តតាមសៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ ២០២៦ និងតាមផ្លូវច្បាប់ជាធរមាន៕