ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនេះនេះ ថ្នាក់ដឹកនាំគណបក្សទាំងបី សុទ្ធតែបានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងគណបក្សទាំងបី ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងបី។
ចំណុចរួម ដែលថ្នាក់ដឹកនាំកំពូលទាំងបី បានរំលេចនោះ គឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀត នូវទំនាក់ទំនងការទូត នយោបាយទៅជាមួយគ្នា និងទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទំនាក់ទំនងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកំពូលទាំងបី សុទ្ធតែជំរុញ ឱ្យរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា ។
លោក ជា ធីរិទ្ធ គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ១១ពាន់លានដុល្លារ ដែលជាចំនួនមួយដ៏ច្រើន ហើយភាគីទាំងពីរ ក៏មានគោលដៅ បង្កើនទំហំពាណិជ្ជឱ្យដល់ ២០ ពាន់លានដុល្លារ នៅក្នុងពេលខាងមុខឆាប់ៗដែរ ។ ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ, ថ្វីដ្បិតកម្ពុជា និងឡាវ មានទំហំពាណិជ្ជកម្ម នៅមានកម្រិតទាបពិតមែន ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សុទ្ធតែលើកឡើងពីសក្តានុពលជាច្រើន ដែលប្រទេសទាំងពីរ អាចធ្វើជាមួយគ្នា ក្នុងការពង្រីកពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ក្រៅពីជំរុញការពង្រីក ទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្នែកការទូត ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងបី ក៏នៅតែផ្តោតសារៈសំខាន់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន និងយុវជនជំនាន់ក្រោយនៃគណបក្សទាំងបី ដើម្បីឱ្យអ្នកជំនាន់ក្រោយបន្តពូនជ្រំនូវវប្បធម៌ជាប្រពៃណី នៃការជួបគ្នារវាងថ្នាក់ដឹកនាំកំពូលទាំងបី ។
ក្នុងនោះ ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ចង់ឃើញអ្នកបន្តវេន និងជំនាន់ក្រោយរបស់គណបក្ស បន្តរក្សានូវទំនាក់ទំនង ក៏ដូចជាកិច្ចប្រជុំកំពូលនេះ ឱ្យបន្តជានិរន្តរ៍ ដើម្បីស្វែងរកឱកាសនៃការពង្រីកមិត្តភាព ក្នុងក្របខណ្ឌនៃប្រទេសជិតខាងជាមួយគ្នាផងដែរ៕