ថ្លែងក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយអញ្ជើញចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ការរួមចំណែកដ៏សំខាន់ នៃ«គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាងក្នុងសកម្មភាពមីន»ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ -ឡានឆាង របស់រដ្ឋាភិបាលចិន។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់មិត្តចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា។
លោក លី ធុជ បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់មិត្តចិនក្នុងការជួយបន្តឱ្យមានកិច្ចសន្ទនា ការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងការ ផ្តល់ ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះពាល់ក្នុងតំបន់ព្រំដែនបានបង្ហាញច្បាស់ពីតួនាទីដ៏សំខាន់ និងការទទួលខុសត្រូវខ្ពស់របស់មិត្តចិន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកអះអាងថា ដូចសុភាសិតចិនបានពោលថា៖ “មិត្តភក្តិពិតប្រាកដប្រៀបដូចជាមាសសុទ្ធ វានឹងមិនប្រែប្រួលទោះបីចម្រាញ់ច្រើនលើកច្រើនសារក៏ដោយ”។ ខ្ញុំជឿជាក់ថា តាមរយៈចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន នឹងបន្តភ្លឺចែងចាំងជារៀងរហូត។
លោកក៏សូមសម្តែងការកោតសរសើរជាពិសេស ចំពោះជំនួយមនុស្សធម៌របស់មិត្តចិននាពេលថ្មីៗនេះ ដែលមានតម្លៃ ២០លានយ័នសម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ។ហើយខ្ញុំសូមកោតសរសើរដោយក្តីគោរព ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចុះទៅប្រគល់ជំនួយទាំងនេះដោយផ្ទាល់ នៅក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។ លោកបន្ដថា ជំនួយទាំងនេះ បានមកដល់ក្នុងពេលវេលាមួយដ៏ចាំបាច់ និងមានអត្ថន័យបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ យើងទាំងអស់គ្នានឹងចងចាំជានិច្ច នូវទឹកចិត្តសាមគ្គីភាព និងមិត្តភាពពិតប្រាកដរបស់មិត្តចិន។ កម្ពុជាមានមោទនភាព ដែលចាត់ទុកចិនជាដៃគូ និងមិត្តដែលអាចទុកចិត្តបានបំផុត។
លោកបានបន្ថែមថា នៅក្នុងបរិយាកាសសកលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ មិត្តចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ហើយកម្ពុជាវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសដ៏សំខាន់នេះដែរ លោកសូមថ្លែងអំណរគុណអស់ពីបេះដូង ជូនដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈ កិច្ចប្រជុំនៅបឹងហ្វ៊ូសៀន (Fuxian Lake)ខេត្តយូណាន។ យើងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់មិត្តចិន ដែលរួមមាន ការសម្របសម្រួលប្រកបដោយគោលការណ៍ច្បាស់លាស់ ការគាំទ្រឱ្យមានកិច្ចសន្ទនា និងការត្រៀមខ្លួនផ្តល់ជំនួយចាំបាច់ផងដែរ៕