ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាព ជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈ។ ក្នុងនោះដែរ មួយចំនួនតូច ក៏មានការចែករំលែកតៗគ្នានូវរូបភាពស្រដៀងគ្នាដែលមានប្រភពពីគណនីក្លែងក្លាយក្រៅប្រទេស ដែលគេធ្វើឡើងក្នុងគោលបំណងអាក្រក់ផ្នែកចិត្តសាស្ត្រ បង្កឱ្យមានកំហឹងឡើង ប៉ះពាល់ដល់ការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងតទៅមុខ។ ជាងនេះទៀត ការផ្សាយ ឬចែកចាយរូបភាពដូចបានរៀបរាប់ អាចប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើត្រូវបានរកឃើញថាធ្វើឡើងក្នុងចេតនាទុច្ចរិត ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការរក្សាស្ថិរភាពនយោបាយ។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មានបានសង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ទាំងនេះជាទង្វើបំពានការអនុវត្តសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងសេចក្តីអំពាវនាវទាំងឡាយរបស់ក្រសួង ស្ថាប័នសមត្ថកិច្ច ពាក់ព័ន្ធនឹងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។ មិនតែប៉ុណ្ណោះការអនុវត្តផ្ទុយសេចក្តីណែនាំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ជះផលអវិជ្ជមានដល់កិច្ចខិតខំនានាក្នុងក្របខណ្ឌការទូត ផ្លូវច្បាប់ និងដំណើរការនៃយន្តការបច្ចេកទេសខណ្ឌសីមាទៀតផង ជាពិសេសបង្កការប៉ះពាល់ដល់ការរក្សាការកសាងទំនុកចិត្តសម្រាប់សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ អំពាវនាវឱ្យបញ្ឈប់បន្ទាន់រាល់ការផ្សាយ ឬចែករំលែករូបភាពដែលប៉ះពាល់ដល់កងទ័ព និងសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ឱ្យចូលរួមសកម្មក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងការអំពាវនាវពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាពជានិរន្តរ៍តាមបន្ទាត់ព្រំដែន ព្រមទាំងចូលរួមរក្សាស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕