|
លោក ប្រាក់ សុខុន៖ កម្ពុជា នឹងប្រើប្រាស់គ្រប់មធ្យោបាយ ទាំងទ្វេភាគី និងពហុភាគី ដើម្បីស្វែងរកសន្តិភាពដោយសន្តិវិធី
ថ្ងៃទី ៖ 23-12-2025, ដោយ Dara007 , 36 Views
ភ្នំពេញៈលោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ និងគ្រប់ច្រកល្ហកទាំងអស់ ទាំងលើផ្នែកការទូត មិនថាទ្វេភាគី មិនថាពហុភាគី ដើម្បីស្វែងរកសន្តិភាពដោយសន្តិវិធី ។
ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា កម្ពុជា បានសម្រេចខាងនយោបាយមួយហើយ ដែលគាំទ្រ នូវដំណើរការសន្តិវិធី ប្រកាន់នៅភាពអត់ធ្មត់ជាអតិបរមា និងធ្វើយ៉ាងណា ឈានឆ្ពោះទៅរកការចរចា ឱ្យសន្តិភាពវិលត្រឡប់មកវិញនោះ នេះគឺជាផ្នែកការទូតមួយជំហាន វិជ្ជមាន ជាមួយនឹងការដែលយោធានិងយោធាប្រជុំគ្នា ។
ក្នុងនោះ យើងក៏ត្រៀមលក្ខណៈបន្តនូវកិច្ចប្រឹងប្រែងរបស់យើងនៅផ្នែកការទូត យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ គ្រប់ច្រកល្ហកទាំងអស់ផ្នែកការទូត មិនថាទ្វេភាគី មិនថាពហុភាគី មិនថាទទួលបាននូវការជួយសម្រុះសម្រួលពីខាងក្រៅនោះទេ យើងទទួលយកទាំងអស់" ។
លោកបញ្ជាក់ថា ការធ្វើបែបនេះ ដោយមើលឃើញថា ជាវិធីដែលល្អបំផុត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា ពីព្រោះកម្ពុជា មិនចង់ច្បាំងទេ ដោយមិនជ្រើសរើសផ្លូវយោធានោះទេ៕
|