រដ្ឋបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ករណីប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ស្នើសុំបើផ្លូវទទឹងទំហំ ៨ម៉ែត្រ ចាប់ពីចំណុចខាងត្បូងជាប់នឹងរបងអង្គការកុមារមេគង្គ រហូតដល់ ផ្លូវឡើងទៅផ្លូវទ្រខ្មែរ ពីមុនមកទីតាំងនេះពុំមានផ្លូវឡើយ ជាដីចំការរបស់បងប្អូនប្រជាពលរដ្ឋអាស្រ័យផល ដែល ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ករណីនេះ រដ្ឋបាលក្រុង បានធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ដីជាប់នឹងផ្លូវចូលពីខាងលិច ដោយភាគីម្ចាស់ដីឈ្មោះ សិទ្ធិ ឡោះ ដែលមានក្បាលដីលេខ ២២៦៩ បានព្រមព្រៀងដោយស្ម័គ្រចិត្តរុះរើរបងថ្ម និងបរិច្ចាគដីដើម្បីធ្វើផ្លូវ ៤ម៉ែត្រ នៅផ្នែកខាងមុខ និង៨ម៉ែត្រ នៅផ្នែកខាងក្រោយ និងម្ចាស់ដីឈ្មោះមាស ប៊ុនធឿន ដែលមានក្បាលដីលេខ ១២៥៧ ព្រមបរិច្ចាគដីធ្វើផ្លូវទំហំ ៤ម៉ែត្រ ។ ម្ចាស់ដីជាប់នឹងផ្លូវចូលពីខាងកើត ដោយ ភាគីម្ចាស់ដីឈ្មោះ ខឿន សោភ័ណ ដែលមានក្បាលដីលេខ ១៣៤០ និងម្ចាស់ដីឈ្មោះ ឡៃម៉េង ដែលមានក្បាល ដីលេខ ១៣៩៩ បានព្រមព្រៀងដោយស្ម័គ្រចិត្តរុះរើរបងនិងបរិច្ចាគដីដើម្បីធ្វើផ្លូវ និងម្ចាស់ដីចំនួន ២១ ក្បាល ដីដែលមានលេខ ១៧០៩,១២៥៥,១២៥៦,១២៧១,១៣២៧,១៣២៨,១៣២៥,១៣២៦,១៣២៩, ១៣៣២, ១៣៣៣,១៣៣៤,១៣៣៥,១៣៣៦,១៣៣៧,១៣៣៨,១៣៣៩,១៣៤៥,១៣៩៦,១៣៤៦,១៣៨២ ទៀត បានព្រមព្រៀង រុះរើរបងដើម្បីបើកជាផ្លូវសាធារណៈ ។
អាជ្ញាធរក្រុងសិរីសោភ័ណ បានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋ បានចូលរួមសហការបើកផ្លូវនេះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ហើយផ្លូវមួយខ្សែនេះអាជ្ញាធរគ្រោងធ្វើការ សាងសង់ផ្លូវនាពេលខាងមុខដើម្បីបម្រើប្រយោជន៍សាធារណៈ។
រដ្ឋបាលក្រុងសិរីសោភ័ណ សូមថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ បង ប្អូនប្រជាពលរដ្ឋបាន ចូលរួមបើកផ្លូវមួយខ្សែនេះដើម្បីបម្រើជាប្រយោជន៍សាធារណៈ ពិសេសសិស្សានុសិស្សមានភាពងាយស្រួល ធ្វើដំណើរទៅសាលារៀន។