ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានJICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោក TANAKA Akihiko សង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ ។
លោក បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើនផងដែរ៕