កម្ពុជាចង់ឱ្យបារាំងចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ឡើងវិញ
ថ្ងៃទី ៖ 13-10-2025, ដោយ Dara007 , 23 Views
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញបារាំងចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាឡើងវិញ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរាផងដែរ៕
|