ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប ក៏ដូចជាការទទួលសារតាំងនេះ ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ លោកអគ្គរដ្ឋទូតបាន លើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះគឺទាក់ទងទៅនឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ។
ដោយ លោកបានលើកឡើងថា ប្រទេសបួគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់។
សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ ៕