កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ក្នុងខណ្ឌទួលគោក
ថ្ងៃទី ៖ 15-07-2025, ដោយ Dara007 , 362 Views
ភ្នំពេញៈ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scam)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ខ្មែរ សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ ៕
|