ក្រសួងការពារជាតិ៖ ករណីភាន់ច្រឡំការប៉ះទង្គិចពាក្យសម្តីរវាងស្រ្តីខ្មែរ និងទាហានថៃ នៅប្រាសាទតាមាន់ធំ
ថ្ងៃទី ៖ 15-07-2025, ដោយ Dara007 , 36 Views
ភ្នំពេញៈ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះថា៖
«នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។
ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ»៕
|