កម្លាំងចម្រុះរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៥ រយៈពេល២ថ្ងៃនេះ បានបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់មនុស្ស១៥២នាក់ ក្នុងនោះមានចិន វៀតណាម និងខ្មែរ ។
អាជា្ញធរថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អាជា្ញធរបានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scam)មួយកន្លែងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញជនជាតិវៀតណាម ខ្មែរ សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។
បន្ទាប់មកថ្ងៃទី១៥ កក្កដានេះ អាជា្ញធរបានចុះប្រតិបត្តិការបង្រ្កាបនៅទីតាំងអគារខុនដូរ៨ជាន់មួយកន្លែង ដោយឃាត់ខ្លួនជនជាតិចិន៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាម និងចិន ដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕