លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រទេសជិតខាងយើង គេបានចោទមកកម្ពុជាជាប្រទេសដែលបង្កើតឱ្យមានបទល្មើសតាមប្រព័ន្ធអនឡាញ ជាកន្លែងដែលក្រុមឧក្រិដ្ឋជនជ្រកកោន។ដើម្បីបង្ហាញភាពស្អាតស្អំនិងបញ្ជាក់ថាប្រទេសកម្ពុជាគ្មានបទល្មើសទាំងនេះ អាជ្ញាធរក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែតាមដាននិងពិនិត្យមើលនូវរាល់ទីតាំងសង្ស័យក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងករណីរកឃើញថា មានបទល្មើសនេះ ចៅហ្វាយក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែរាយការណ៍បន្ទាន់មករដ្ឋបាលខេត្តឬអភិបាលខេត្តដើម្បីបង្ក្រាបឬកំទេចចោល ជៀសវាងបង្កើតបទល្មើសឱ្យកាន់តែធំ។
អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ជំហរយ៉ាងមុតមាំថា អភិបាលក្រុងស្រុកឬមេឃុំចៅសង្កាត់ទាំងអស់និងមិនរួចខ្លួនទេ ប្រសិនជារកឃើញថាបាននិងកំពុងមានការឃុបឃិតឬនៅពីក្រោយខ្នងការបើកឱ្យមានបទល្មើសអនឡាញទាំងនោះ។ទន្ទឹមនេះ អាជ្ញាធរក្រុងនិងស្រុក ឃុំសង្កាត់ក៏ត្រូវចូលរួមឱ្យបានផុលផុសក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនានានៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងផងដែរក្នុងនោះត្រូវទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាតចំពោះការចរាចរណ៍បទល្មើសគ្រឿងញៀន ក្មេងទំនើង និងសកម្មភាពចោរលួច ឆក់ប្លន់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ជាមួយនោះក៏ត្រូវតាមដានរាល់សកម្មភាពក្រុមអ្នកវិនិយោគនានាដែលបាននិងកំពុងឆបោកពលរដ្ឋតាមរយ:ការលក់ដីឡូតិ៍ ផ្ទះល្វែង និងបុរីជាដើម ដើម្បីផ្តល់ឱកាសទាន់ពេលដល់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ជាមួយបទល្មើសនេះបញ្ជៀសការចាញ់បោកកាន់តែធ្ងន់ធ្ងរ៕