សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែនមានប្រសសាន៍ថា បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន មកជួបជាមួយសម្ដេច ក៏គាត់មានការលំបាកដែរ គាត់មានការវិនិយោគនៅថៃផង នៅកម្ពុជាផង។ គាត់ថាគាត់ពិបាក ឥលូវមិនដឹងត្រូវសម្រេចចិត្តរបៀបមិច? ព្រោះគាត់ធ្វើការវិនិយោគនៅកម្ពុជា ដឹកទៅថៃ ធ្វើការវិនិយោគនៅថៃ ដឹកមកកម្ពុជា វាឆ្លងឆ្លើយគ្នាអ៊ីចឹង ព្រោះជាគ្រឿងបង្គំ វាទាក់ទងគ្នា។ សម្ដេចតេជោបានប្រាប់ថា រឿងហ្នឹងរឿងថៃតើ ឥលូវឯកឧត្តមទៅប្រាប់ខាងថៃទៅ ឱ្យធ្វើឱ្យដូចមុនទៅវាចប់ហើយ, វាមានរឿងអីពិបាក? បិទ បិទខ្លួនឯង ឬកែសម្រួលខ្លួនឯង ដល់ត្រូវបើក ឬត្រូវកែសម្រួល មកបបួលកម្ពុជាចរចា, អត់ទេ! អត់ត្រូវ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមកកម្ពុជា ដើម្បីធ្វើការបើកច្រកឡើងវិញនោះ។
សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែ ដើម្បីការចរចាណាទៀតទេ។ សំឡេង«អ្នកឯងនិយាយប្រាប់ប្រជាជនខ្លួនឯងទៅ យើងអត់ខ្វល់ថាបិទឬកែសម្រួលគ្រប់ពេលវេលាទេ។ អ្វីដែលយើងចង់បានគឺ សភាពដើមមិនថ្ងៃ៧ ខែមិថុនា។ អ្នកឯងប្រាប់ទៅប្រជាជនខ្លួនឯងទៅថា ចាប់ពីពេលនេះតទៅថាកែសម្រួលពេលវេលាត្រូវបានបញ្ចប់ ហើយឱ្យដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ នៅគ្រប់ច្រកទាំងអស់ តែប៉ុណ្ណឹងទៅចប់ហើយ»។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់រដ្ឋាភិបាលបន្តវេនថា ហាមដាច់ខាតទិញ អគ្គិសនី, អ៊ីនធើណេត, ប្រេងឥន្ធនៈ និងឧស្ម័នជាដើម ព្រោះនៅពេលខាងមុខគេអាចប្រើប្រាស់ទំនិញទាំងនេះ ជាអាវុធ ដើម្បីដាក់សម្ភាធមកកាន់រដ្ឋាភិបាលកម្ពុជា នៅក្នុងប្រការណាមួយ តួយ៉ាងដូចការគំរាមផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធឺណេត និងប្រេងឥន្ធនៈ ដូចនៅពេលកន្លងមក៕