សម្តេចតេជោ៖ ច្បាប់ដកសញ្ជាតិខ្មែរ គ្រោងនឹងអនុវត្ដឆាប់ៗនេះហើយ
ថ្ងៃទី ៖ 03-07-2025, ដោយ Dara007 , 28 Views
ព្រៃវែងៈ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ច្បាប់ដកសញ្ជាតិខ្មែរចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯង គ្រោងនឹងអនុវត្ដឆាប់ៗនេះហើយ បន្ទាប់ពីរដ្ឋសភានឹងធ្វើវិសោធនកម្មច្បាប់នេះនៅថ្ងៃទី១១ កក្កដានេះ។ការផ្ដាំទៅក្រុមប្រឆាំងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៥នេះ ក្នុងការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងហើយ។
សម្តេចតេជោបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯង ដោយរដ្ឋសភា រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្នើទៅព្រះមហាក្រត្សទ្រង់មានព្រះរាជបន្ទូលសួរយោបល់ទៅអង្គក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានបញ្ជាក់ថាអាចធ្វើវិសោធនកម្មច្បាប់នេះបាន ដោយមិនផ្ទុយនឹងមាត្រារបបរាជានិយម និងរបបប្រជាធិបតេយ្យសិរីពហុបក្សតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅក្រុមប្រឆាំងថា អស់ពីហ៊ុន សែន នៅហ៊ុន ម៉ាណែត អស់ ស ខេង នៅស សុខា និងអស់ពីទៀ បាញ់ នៅទៀ សីហា ជាពិសេសនៅកូនថ្នាក់ដឹកនាំជាច្រើនទៀត ព្រោះសម្ដេច និងថ្នាក់ដឹកនាំដ៏ទៃទៀតមិនបានបង្រៀនកូនឱ្យធ្វើមេចោរនោះទេ៕
|