លោក ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ
ថ្ងៃទី ៖ 23-05-2025, ដោយ Dara007 , 37 Views
ភ្នំពេញៈ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានជំរុញឱ្យសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយតាមបែបបុរេសកម្មអំពីសកម្មភាពការងាររបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប។
បើតាម លោក ប៉ែន បូណា ការងារនេះមានសារសំខាន់ណាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចនគរបាលផង ក៏ដូចជាបន្សាបព័ត៌មានបំផ្លើសបំភ្លៃនានា ដែលមានចេតនាវាយប្រហារមកលើសមត្ថកិច្ចផង៕
|