បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យរុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ រហូតបង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។
សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋគ្មានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ ឬដណ្តើមដីពលរដ្ឋទេ គឺមានតែចែកដីជូនប្រជាពលរដ្ឋដែលពុំមានដីពិតប្រាកដ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។
សម្តេចធិបតីបានផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងថានឹងផ្តល់ដីឱ្យ និងចោទរដ្ឋាភិបាលថា ប្លន់ដីប្រជាពលរដ្ឋ។ ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសង្គមជាតិ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចធិបតីបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល៕