កងកម្លាំងជាង១ម៉ឺននាក់ ត្រៀមការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក
ថ្ងៃទី ៖ 12-11-2024, ដោយ Dara007 , 36 Views
ភ្នំពេញៈ កងកម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឡើង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានអះអាងថា កម្លាំងសរុបទាំងជាង១ម៉ឺន៦នាក់នេះ មកពី១៦ស្ថាប័ន អង្គភាព ក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន ដើម្បីធានាថាព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួម ពោលធានាឱ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាព្រះរាជសុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ សុវត្ថិភាពជូនសម្ដេច និងឥស្សរជនជាន់ខ្ពស់ ក្នុងព្រះរាជពិធីនេះ ដោយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការ ការពារ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។ បន្ថែមពីនេះ ត្រូវពង្រឹងកិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ៕
|