សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ឆ្លៀតពេលមុនកម្មវិធីផ្លូវការព្រឹកថ្ងៃចន្ទ ទី៣០ កញ្ញា ២០២៤នេះ អញ្ជើញទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
សម្ដេចធិបតីពិតជារីករាយដែលឃើញលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ មានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយសាលារដ្ឋបាលរាជធានីភ្នំពេញ។
នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
សម្ដេចធិបតីសូមជូនពរលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ធ្វើដំណើរដោយសុវត្ថិភាព និងរីករាយជួបជុំក្រុមគ្រួសារ។
សម្ដេចធិបតី សូមអរគុណចំពោះសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ៕