សម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាចិត្ដដឹកនាំស្ថាប័នព្រឹទ្ធសភាឱ្យកាន់តែរីកចម្រើន
ថ្ងៃទី ៖ 03-04-2024, ដោយ Dara007 , 84 Views
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាចិត្ដដឹកនាំស្ថាប័នព្រឹទ្ធសភាឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃ ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជាក្នុងការថែរក្សាគុណតម្លៃគ្រឹះនៃសង្គមរបស់យើង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្តេជ្ញាចិត្តដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន កម្ពុជា។
សំឡេង«សម្តេចតេជោ ហ៊ុន សែន បន្ដថា ដើម្បីការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនេះ ដោយសម្ដេចនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានបណ្តោះអាសន្ន ព្រឹទ្ធសភា ដែលបានបំពេញតួនាទីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រនាពេលនេះ។ ហើយសម្ដេចអរគុណចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំជាមួយក្រសួងព្រះបរមរាជវាំងនិង ស្ថាប័នពាក់ព័ន្ធនានាក្នុងការត្រៀម និងបានរៀបចំយ៉ាងហ្មត់ចត់នូវពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
|