ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ស្វីស ៖ កម្ពុជា ស្វីស គួរតែបន្តរក្សាសន្ទុះបើកលទ្ធភាពឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប
ថ្ងៃទី ៖ 15-11-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វីស ថ្លែងថា កម្ពុជា ស្វីស គួរតែបន្តរក្សាសន្ទុះបើកលទ្ធភាពឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វីស និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តមអនុប្រធានាធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកអនុប្រធានាធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងស្វីស និងកម្ពុជា លើវិស័យសក្តានុពល ជាពិសេសកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយប្រទេសទាំងពីរគួរតែបន្តរក្សាសន្ទុះនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលការណ៍នេះ ជាកត្តាជំរុញដ៏សំខាន់ក្នុងការបើកលទ្ធភាពឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

លោកអនុប្រធានាធិបតី ក៏បានរំលេចផងដែរអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លើសពីនេះ លោកបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ប្រទេសស្វីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានកោតសរសើរចំពោះកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដើម្បីមនុស្សធម៌។

លោកមានជំនឿយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កម្ពុជា រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបបន្ថែម កម្ពុជានឹងកាន់តែអាចពង្រឹងសមត្ថភាពបោសសម្អាតមីនបានមួយកម្រិតទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោកអនុប្រធានាធិបតី មកកាន់កម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជំនួបពិគ្រោះយោបល់ទ្វេភាគីជាញឹកញាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រឹង និងពង្រីកបន្ថែម។ ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងពង្រីកការវិនិយោគពីបរទេស ដោយបានសង្កត់ធ្ងន់ថា អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា។

ក្នុងន័យនេះ សម្ដេចធិបតី បានជំរុញឱ្យធុរកិច្ចកម្ពុជា និងស្វីស បន្តពង្រីកការតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសរំលេចដោយមោទនភាពថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាលើកទីមួយសម្រាប់កម្ពុជា ដែលនេះជាសក្ខីភាពបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីវិបុលភាព និងស្ថិរភាពយូរអង្វែង។

ក្រៅពីនេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ស្វីសដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏ស៊ីជម្រៅនៃប្រជាជាតិទាំងពីរ។

ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំដៅកសាងសុខសន្តិភាព ការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោក។

ជាទីបញ្ចប់ សម្តេចធិបតី បានជម្រាបជូន ប្រធានាធិបតី អំពីការវិវឌ្ឍថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចលើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com