ក្នុងប្រតិបត្តិការកន្លងមកនេះមន្រ្តីជំនាញ បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចំនួន៤៧ សំណុំរឿង (៣៩ ករណី ជាសំណុំរឿងទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធ និង៨ ករណីជាសំណុំរឿងបទល្មើសព្រៃឈើ)។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះដែរ ការអនុវត្តវិធានការច្បាប់បានទទួលសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត រឹបអូសមកជាដីរដ្ឋបានចំនួន៤៤៧,៩៨ហិកតា និងបានបញ្ជូនជនសង្សយ័ទៅសាលាដំបូងខេត្តបានចំនួន៦ នាក់ ។
មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ហាញលទ្ធផលការងារក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិទាំង៦ ក្នុងភូមិសាស្រ្តខេត្តក្រចេះ រួមមានដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសតត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ ដែលមានទំហំផ្ទៃដីចំនួន២៨៣.១៨០ ហិកតា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។
ដើម្បីឆ្លើយតបទៅនឹងទិសដៅទៅមុខ មន្ទីរបរិស្ថានខេត្តក្រចេះ បន្តកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចភាគីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អង្គការដៃគូនានា រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងធានាឱ្យបាននូវអនាគតចីរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពសម្រាប់ជំនាន់ក្រោយ៕