ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ឆ្នាំ២០២៧កម្មកររោងចក្រទទួលបានប្រាក់ឈ្នួលកើនចន្លោះ ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
ថ្ងៃទី ៖ 30-09-2026, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ ក្រោយជជែកចរចា និងខ្វែងគំនិតគ្នាអស់រយៈពេលជិត២០ដង រឿងប្រាក់ឈ្នួលកម្មករ ពេលនេះលទ្ធផលត្រូវបានបង្ហាញហើយ គឺចន្លោះ ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៧ នាព្រឹក៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក ភាគីនិយោជក និងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងៗគ្នា ដោយភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក ហើយភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។

លោកគូសបញ្ជាក់ថា ឈរលើលទ្ធផលនៃការបោះឆ្នោត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្ថែមចំនួន ២ដុល្លារអាម៉េរិកលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ក្នុងឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានកំណើនប្រាក់ឈ្នួលគោលចំនួន ៤,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលក្នុងនោះរួមមានកំណើនប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារអាម៉េរិក, ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារអាម៉េរិក។

បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត ប្រាក់ឈ្នួលគោល ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។

លោក គឹម ចាន់សំណាង ភាគីកម្មករនិយោជិតបានលើកឡើងថា ភាគីសហជីព យល់ឃើញថាលទ្ធផលថ្ងៃនេះ ទោះបីជាតួលេខដែលគណៈកម្មាធិការ ក៏ដូចជាក្រុមសហជីពប្រកួតប្រជែងបានឈានទៅដល់ការបោះឆ្នោត ហើយចេញជាលទ្ធផលបែបនេះ ។

លោកពិនិត្យឃើញថា សភាពការណ៍បច្ចុប្បន្ននេះ គួរតែទទួលយក ហើយភាគីសហជីពយើងក៏បានចូលរួមប្រជុំជាច្រើនលើកច្រើនសារ។ ភាគីសហជីពគឺបានព្យាយាមសម្របសម្រួល ហើយនឹងទទួល បាននូវទឡ្ហីករណ៍ផ្សេងៗជាបន្តបន្ទាប់ ដែលធ្វើឱ្យភាគីសហជីពក៏បានសម្រេចចិត្តថា ត្រូវតែបោះឆ្នោតយកតួលេខមួយ ដើម្បីឱ្យបងប្អូនកម្មករ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ក៏ដូចជាពលករដែលចំណាកស្រុក ដើម្បីឱ្យគាត់ទទួលបាននូវការងារថ្មីៗជាបន្តបន្ទាប់ទៀត និងទាក់ទាញការវិនិយោគ។

អ្នកឧកញ្ញា ហេង សុធី តំណាងភាគីនិយោជក បានបញ្ជាក់ថា ការគណនា និងការសម្រេចលើតួលេខនេះ គឺបានផ្អែកយ៉ាងត្រឹមត្រូវលើលក្ខណៈវិនិច្ឆ័យផ្នែកសង្គម និងសេដ្ឋកិច្ចទាំង ៧ ចំណុច ដែលមានកំណត់នៅក្នុងច្បាប់។

ជាលទ្ធផល តាមរយៈការបោះឆ្នោត តួលេខទទួលបានការគាំទ្រភាគច្រើនគឺ ២១០ ដុល្លារ ហើយត្រូវបានបន្ថែម ២ ដុល្លារ ទៀត ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាផ្លូវការកើនដល់ ២១២ ដុល្លារ ក្នុងមួយខែ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រោយជជែកចរចា និងខ្វែងគំនិតគ្នាអស់រយៈពេលជិត២០ដង រឿងប្រាក់ឈ្នួលកម្មករ ពេលនេះលទ្ធផលត្រូវបានបង្ហាញហើយ គឺចន្លោះ ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com