ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីតំណាងថៃប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ បានចូលរស់នៅលើទឹកដីថៃ។
ចំពោះការអះអាងនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាបដិសេធ និងទាត់ចោលការអះអាងរបស់តំណាងថៃ ព្រមទាំងមិនយល់ស្របនឹងការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានឡើយ។
លោកបន្តថា ខ្សែព្រំដែនអន្តរជាតិ មិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតឺន័រ លួសបន្លា ឬស្ថានភាពដែលបង្កើតឡើងនៅលើដីនោះទេ។
លោក បន្តថា ឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃ ក៏បានបង្ហាញថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ។
ចំណែក MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែន ត្រូវធ្វើរួមគ្នាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាង គឺជាទឹកដីរបស់ខ្លួន សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្ត មកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយ។
លោកគូសបញ្ជាក់ថា ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។ ពាក់ព័ន្ធនឹងការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចស្ងៀមស្ងាត់ ខណៈបញ្ហាដែលកម្ពុជាចាត់ទុកថា ប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
លោកបន្តថា កម្ពុជានឹងបន្តលើកបញ្ហានេះតាមមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើតាមការអះអាងរបស់កម្ពុជា យោធាថៃនៅតែមានសកម្មភាពដែលកម្ពុជាចាត់ទុកថា រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជារារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងបន្តប្រើប្រាស់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីបង្ហាញភស្តុតាង និងលើកបញ្ហានេះទៅកាន់ស្ថាប័នពាក់ព័ន្ធ៕