សម្ដេចធិបតី បានណែនាំលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្ដធ្វើការលើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ឱ្យមានចីរភាព ដើម្បីធានាការប្រកួតប្រជែងស្មើភាពគ្នា និងចូលរួមថែទាំផ្លូវថ្នល់មានភាពយូរអង្វែង ដើម្បីការពារ លប្រយោជន៍រួម ។
សម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូន តែសូមម្ចាស់អាជីវកម្មចូលរួមគោរពច្បាប់ទាំងអស់។
សម្ដេចធិបតី ថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការដឹកលើសទម្ងន់នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវរបស់យើងនឹងអាចខូច ហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់ប្រជាជនទាំងអស់គ្នាប្រើប្រាស់។»
សម្ដេចធិបតីក៏អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់៕