សូមរំលឹកថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
តាមផែនការគ្រោងទុក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម។
សម្ដេចធិបតី ក៏នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់ លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕