ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេសុីល ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តភាគីប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជួយកសិករកាត់បន្ថយថ្លៃដើមផលិតកម្ម និងមាននិរន្តរភាពសេដ្ឋកិច្ច។
នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយចន្ទី ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេចខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅជំរុញនិងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕