សម្ដេចធិបតីមានប្រសាសន៍ថា ការឈ្លានពានរបស់យោធាថៃ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ទិសទីមានការឈឺចាប់ខ្លាំងណាស់ ពិតណាស់ថាយើងឈឺមែន ប៉ុន្ដែមិនឱ្យការឈឺ និងរបួសផ្លូវកាយ ផ្លូវចិត្ដនេះ ដើម្បីធ្វើយើងដួលនោះទេ ដោយត្រូវរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែរយើង។ សម្ដេចធិបតី បានផ្តាំផ្ញើដល់សិស្សជាប់និទ្ទេស A ទាំងអស់ សូមបន្តខិតខំរៀនសូត្រស្រាវជ្រាវ និងកសាងខ្លួន ឱ្យក្លាយជាយុវជនឆ្នើម ជាពលរដ្ឋឆ្នើម ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងស្វែងរកកិត្តិយសថ្មីៗទៀត ជូនជាតិមាតុភូមិ នៅពេលបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងកម្រិតក្រោយៗទៀត ដើម្បីធ្វើឱ្យខ្មែរកាន់តែខ្លាំង។
សម្ដេចធិបតីថ្លែងថា «ពិតណាស់ថាយើងឈឺមែន ប៉ុន្ដែមិនឱ្យការឈឺ និងរបួសផ្លូវកាយ ផ្លូវចិត្ដនេះ ធ្វើឱ្យយើងដួលនោះទេ ដោយត្រូវរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែរយើង សិស្សជាប់និទ្ទេស A ទាំងអស់ សូមពង្រឹងសមត្ថភាពបន្តខិតខំរៀនសូត្រស្រាវជ្រាវ និងកសាងខ្លួន ឱ្យក្លាយជាយុវជនឆ្នើម ជាពលរដ្ឋឆ្នើម ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សា ពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារ បានសិក្សាយ៉ាងតិច៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ។
សម្តេចធិបតី សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ បានធ្វើសកម្មភាពគាំទ្រសន្ដិភាព និងរួបរួមសាមគ្គីគ្នាជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីដ៏ខ្លាំងក្លា។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគ្រប់ជំហានទាំងអស់ គឺដើម្បីតែឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលសូមប្រកាសប្តេជ្ញាចិត្តថាបូរណភាពទឹកដី និងប្រជាជនកម្ពុជាគឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ន និងអនាគត៕